Recent Posts

លែងលះ








នៅ​​ថ្ងៃ​​រៀប​អាពាហ៍ពិពាហ៍ ខ្ញុំ​បានបី​ភរិយាជាទី​ស្រលាញ់​របស់​ខ្ញុំ​។​​ រថយន្ត​កូនក្រមុំ​ចត​នៅ​មុខ​ផ្ទះល្វែង​របស់​ពួកយើង។ មិត្ត​ភក្តិ​​របស់​​ខ្ញុំ​​គេ​​​ជំរុញ​អោយ​ខ្ញុំ​បី​នាង​​ចេញ​ពី​​រថយន្ត។ ​ខ្ញុំ​ក៏​បាន​បី​នាង​ចូល​ទៅ​ក្នុង​ផ្ទះ​។
ភរិយា​របស់​ខ្ញុំនៅពេល​នោះ​នាង​ធាត់​ឡើង​ទ្រលុចៗ​ ហើយ​នាង​​អៀន​​យ៉ាង​ខ្លាំង​។ ខ្ញុំ​គឺ​ជា​កូន​កំលោះ​ដែល​មាន​កំលាំង​មាំមួនដែល​អាចបី​នាង​បាន​យ៉ាងងា​យនិង​ជា​កូន​កំលោះ​ដែលរីក​រាយ​បំផុតក្នុង​លោក​!
នេះ​គឺ​ជា​ទិដ្ឋភាព​កាល​ពី​១០​ឆ្នាំ​មុន។
ថ្ងៃ​ប​ន្តបន្ទាប់​មក​សំរាប់ពួក​យើង​គឺ​មាន​សភាព​ធម្មតា​ៗ​ ហាក់​គ្មាន​អ្វី​ប្លែក​​ទាល់​តែ​សោះ។ ពួកយើង​ក៏មាន​កូន។ ខ្ញុំ​ខិតខំ​ធ្វើការ​រក​ប្រាក់​អោយ​ច្រើន​សំរាប់​ផ្គត់​ផ្គង់​គ្រួសារ​។ ​ទ្រព្យ​សម្បត្តិ​របស់​ពួក​យើង​មាន​កាន់​តែ​ច្រើន​ឡើង​ តែ​ស្នេហា​រវាង​យើង​ទាំង​ពីរហាក់​ដូច​ជាស្រក​ស្រុត​ជា​លំដាប់។​ នាង​គឺ​ជា​អ្នក​រដ្ឋការ​ម្នាក់។ ជា​រៀង​រាល់​ព្រឹក​ពួក​យើង​ចេញ​ពី​ផ្ទះ​ដំណាល​គ្នា ហើយ​ត្រលប់​មក​ផ្ទះ​វិញ​នៅម៉ោង​ប្រហែលគ្នា។ កូន​របស់​យើងរៀន​​នៅ​សាលា​ដែល​យើង​អាចដាក់តាំង​ពី​ព្រឹក​ទល់​ល្ងាច​បាន។ ​ជីវិត​អាពាហ៍ពិពា​ហ៍​របស់​យើង​មើល​ទៅ​ហាក់​ដូច​ជា​មាន​សុភមង្គល​ណាស់​ដែល​អ្នកណាៗ​ក៏​ប្រាថ្នា​ចង់​បាន​ដែរ។​ ប៉ុន្តែ​ជីវិត​ដ៏​ស្ងប់​សុ​ខ​នេះបាន​ប្រែ​ប្រួល​ដោយ​សារ​តែ​មាន​ការ​ផ្លាស់​ប្តូរ​មួយ​ដែល​មិនអាច​ទស្សន៍ទាយ​ទុក​បាន។
Dew បាន​ជ្រៀត​ចូល​មក​ក្នុង​ជីវិត​របស់​ខ្ញុំ។​​
ថ្ងៃ​មួយ​នោះ មេឃ​ស្រលះ​ល្អណាស់​។ ខ្ញុំ​ឈរ​នៅ​រាន​ហាល​​ធំមួយ​។ Dew  ​បាន​អោប​ខ្ញុំ​ពី​ក្រោយ។ ​បេះ​ដូង​របស់​ខ្ញុំ​ហាក់​ដូច​ជា​ងប់ងល់​នឹង​ស្នេហា​របស់​នាង​ខ្លាំង​ណាស់។ នោះ​គឺ​ជា​ផ្ទះ​ល្វែង​ដែល​ខ្ញុំ​ទិញ​អោយ​នាង។
Dew និយាយ​ថា​ “​​ក្នុងកែវភ្នែក​នារីជា​​​ច្រើន បង​គឺ​ជា​បុរសដែលមើល​ទៅ​គួរអោយ​ទាក់ទាញបំផុត​។ ពាក្យ​សំដី​របស់​នាង​ធ្វើ​អោយ​ខ្ញុំ​នឹក​ដល់​ភរិយា​របស់​ខ្ញុំ។ នៅ​ពេល​ដែលពួកយើង​ទើប​នឹង​រៀប​ការ​ថ្មី​ថ្មោង​ ភរិយា​ខ្ញុំ​និយាយ​ថា បុរស​ដូច​បង​ នៅ​ពេល​ដែល​មាន​ទ្រព្យ​សម្បត្តិ​និង​មាន​ជោគ​ជ័យ ច្បាស់​ជា​មាន​នារី​មិន​តិច​ទេ​ដែល​មក​ចោម​រោម  ពេល​គិត​ដល់​រឿង​នេះ​​​​ ខ្ញុំ​ហាក់​ដូច​ជា​មាន​ការ​ស្ទាក់​ស្ទើរ​តិចតួចក្នុង​ចិត្ត​ដែរ​។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​ក្បត់​ចិត្ត​ភរិយា​របស់​ខ្ញុំ​។ តែ​ខ្ញុំ​ពិត​ជា​មិន​អាច​ជួយ​បាន​ទេ! នេះ​ជា​ការសំរេច​ចិត្ត​របស់​ខ្ញុំ។
ខ្ញុំ​បាន​បេះដៃ Dew​ ចេញ​រួច​និយាយ​ថា អូន​ទៅ​រើស​គ្រឿង​សង្ហារឹម​ទៅ បង​មាន​ការ​នៅ​ក្រុមហ៊ុន​បន្តិច។ នាង​មើល​ទៅដូច​ជា​មិនសូវ​សប្បាយ​ចិត្ត​សោះ ព្រោះ​ខ្ញុំ​បាន​សន្យា​ថា​នឹង​ទៅ​ជាមួយ​នាង។​ ក្នុង​ពេល​នេះ ​គំនិត​លែង​លះ​នឹង​ភរិយារបស់​ខ្ញុំ​បាន​ផុស​ចេញ​មក​យ៉ាង​ត្រដែត​ក្នុ​ខួរក្បាល​របស់​ខ្ញុំ បើ​ទោះ​បី​ជា​គំនិត​នេះ​ធ្លាប់​ជា​អ្វីដែល​មិន​អាច​ទៅ​រួច​កាល​ពី​មុន​ក៏​ដោយ។ តែ​ទោះ​ជា​យ៉ាង​ណា ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ផ្តើម​និយាយ​ដូចម្តេច​ចំពោះ​ភរិយា​ខ្ញុំ​ឡើយពី​រឿង​នេះ។ ខ្ញុំ​ដឹង​ច្បាស់​ថានៅ​ពេល​ដែល​ខ្ញុំ​លើក​ឡើង​ពី​រឿង​នេះ ​ទោះ​បី​ជា​ខ្ញុំ​និយាយ​ដោយគួរ​សម​យ៉ាង​ណា​ក៏​ដោយ ​ក៏ប្រាកដជា​ធ្វើ​អោយនាង​មាន​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ និយាយ​តាមត្រង់​ទៅ​ នាង​គឺ​ជា​ភរិយា​ដ៏ល្អ​មួយ​រូប។​​
រាល់​ល្ងាច​នាង​តែង​តែ​ញាប់ដៃ​ញាប់​ជើង​រៀប​ចំអាហារ​​សំរាប់​គ្រសារ។ ខ្ញុំ​អង្គុយ​មុខទូរទស្សន៍។ អាហារ​ពេល​ល្ងាច​រៀប​ចំ​ជិត​រួច​រាល់​​ហើយ។ រួច​ហើយ​យើង​អង្គុយ​មើល​ទូរទស្សន៍​​ជាមួយ​គ្នា។ ជួនកាលខ្ញុំ​ក៏​ទំរេត​នៅ​មុខកុំព្យូទ័រ​ មើល​រូប​ Dew…។ នេះ​ជា​ការ​កំសាន្ត​មួយ​របស់​ខ្ញុំ។
ថ្ងៃ​មួយ​ខ្ញុំ​សាក​និយាយ​រឿង​នេះជា​មួយ​ភរិយា​របស់​ខ្ញុំ បែប​និយាយ​លេង។ ឧបមា​ថា​បើ​យើង​លែង​លះ​គ្នា​ តើ​អូន​គិត​យ៉ាង​ម៉េច?” នាង​សំលក់​មក​ខ្ញុំ​មួយ​សន្ទុះ​​ដោយ​មិន​និយាយ​មួយ​ម៉ាត់។​ សំរាប់​នាង​ការ​លែង​លះ​គឺ​នៅ​ឆ្ងាយ​ទៅ​មុខ​ទៀត​ខ្លាំង​ណាស់​។ ខ្ញុំ​ពិត​ជា​ស្រមៃ​មិន​ឃើញ​សោះថា​នាង​នឹង​មាន​ប្រតិកម្ម​យ៉ាង​ដូចម្តេច​ប្រសិន​បើ​ដឹង​ថា​ ខ្ញុំ​ពិត​ជា​ចង់​ធ្វើ​បែប​នោះ​មែន។
Dew ​ទើប​តែ​ចេញ​ពី​ការិយាល័យ​របស់ខ្ញុំទៅអម្បាញ់មិញ​នេះ ​ភរិយាខ្ញុំក៏​មក​ដល់។ បុគ្គលិក​នៅ​ទីនោះ​ស្ទើរ​តែ​ទាំង​អស់​​សំលឹង​មក​ភរិយា​របស់​ខ្ញុំ​ដោយ​កែវ​ភ្នែក​គួរសម​ និង​ហាក់​ខំ​បិទបាំង​អ្វី​មួយនៅ​ពេល​ដែល​ពួក​គេ​និយាយ​មក​កាន់​ភរិយា​របស់​ខ្ញុំ​។ ​​​​នាង​ហាក់​ដូច​ជា​ដឹង​ពីអ្វី​មួយនាង​ញញឹម​ទៅ​កាន់​បុគ្គលិក​ក្រោម​បង្គាប់របស់​ខ្ញុំ​ដោយ​ទន់​ភ្លន់។ តែ​ខ្ញុំ​អាច​មើល​ចិត្តដែល​កំពុង​តែ​ឈឺ​ចាប់​របស់​​នាង​ធ្លុះ តាម​រយៈកែវភ្នែក​របស់​នាង។
….
Dew បាន​និយាយ​អង្វរ​ខ្ញុំម្តង​ទៀត បងសម្លាញ់ សូម​បង​លែង​លះ​នាង​ទៅ បានទេ? នោះ​យើង​នឹង​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​យ៉ាង​ពេញ​មុខ  ខ្ញុំ​ងក់​ក្បាល់​យល់​ព្រម។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​មិន​គួរ​រារែក​តទៅ​ទៀត​ទេ។
នៅពេល​ដែល​ភរិយា​ខ្ញុំ​ កំពុងរៀប​ចំ​ចាន​​ដាក់​លើតុ​បាយ​ ខ្ញុំ​ក៏​ចាប់​កាន់​ដៃ​របស់​នាង​។ បង​មាន​ការ​ចង់​និយាយ​ជាមួយ​អូន។​ នាង​ក៏​អង្គុយ​ចុះ​រួច​ទទួល​ទាន​អាហារ​យ៉ាង​ស្ងៀម​ស្ងាត់។ ខ្ញុំ​បាន​​សំលឹង​កែវ​ភ្នែក​របស់​នាង​​ដែល​​ពោរ​ពេញ​ដោយ​ភាព​ឈឺ​ចាប់​សារ​ជា​ថ្មី។ ​ខ្ញុំ​ពិតជា​​ពិបាក​នឹង​ហើប​មាត់​និយាយ​ទៅ​កាន់​នាង​ណាស់។ តែ​ខ្ញុំ​ត្រូវ​តែ​សម្តែង​អោយ​នាង​បាន​ដឹង​ពី​អ្វី​ដែល​​នៅក្នុង​ចិត្ត​ខ្ញុំ។ បងសុំ​លែង​លះនឹង​អូន។ ខ្ញុំ​និយាយ​ទៅ​កាន់​នាង​ដោយ​សំលេង​តិចៗ។ នាង​ហាក់​ដូ​ច​ជា​មិន​បញ្ចេញ​ប្រតិកម្ម​អ្វី​សោះ ក្រៅ​ពី​សួរ​មក​ខ្ញុំ​វិញ​ថា មកពី​ហេតុ​អី?” បង​មិន​និយាយ​លេង​ទេខ្ញុំនិយាយ​ដោយ​មិន​រវល់​ឆ្លើយ​នឹង​សំណួរ​របស់​នាង។ ចំលើយ​របស់​ខ្ញុំ​ធ្វើអោយ​នាង​ខឹង​ជា​ខ្លាំង​។ នាង​​គ្រវែង​ចង្កឹះ​ចោល រួច​ស្រែក​អោយ​ខ្ញុំ​ថា បង​ឯង​មិន​មែន​ជា​មនុស្សប្រុសទេ!។ នៅ​រាត្រី​នោះ​យើង​មិន​បាន​និយាយស្តី​រក​គ្នា​ឡើយ។ នាង​យំ​​​​​ខ្សឹកខ្សួល​ជា​ខ្លាំង។ ខ្ញុំ​ដឹង​ថា​នាង​ពិត​ជា​ចង់​ដឹង​ពី​មូល​ហេតុខ្លាំង​ណាស់។​ តែ​ខ្ញុំ​ពិត​ជា​​ពិបាក​នឹង​ផ្តល់​ចំលើយ​ដល់​នាង​ណាស់ ព្រោះមូលហេតុ​នោះ​គឺ​បណ្តាល​មក​ពី​បេះដូង​របស់​ខ្ញុំ ខ្ញុំ​បានប្រគល់​ទៅ​អោយនារី​ផ្សេងហើយ។ ​
ខ្ញុំ​បាន​រៀបចំសរសេរ​លិខិតលែង​លះ​ ដោយ​អារម្មណ៍​ដែល​គិត​ថា​ខ្លួន​មាន​កំហុស​ធ្ងន់​ធ្ងរ។ ខ្ញុំ​ប្រគល់​ផ្ទះ​ ឡាន និង​​ ភាគ​ហ៊ុន​៣០%​នៃ​ក្រុមហ៊ុន​របស់​ខ្ញុំ​អោយ​ទៅនាង។ នាង​សំលឹង​មើល​ពង្រាង​នៃ​លិខិត​លែង​លះ​នោះ រួច​ហើយ​ក៏​ហែក​វា​ជា​បំណែក​តូចៗ។ ខ្ញុំ​ពិត​ជា​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ នារីម្នាក់​ដែល​ខ្ញុំ​ធ្លាប់​រស់​នៅ​ជាមួយ​អស់​រយៈពេល​១០ឆ្នាំ នឹងក្លាយ​ជាអ្នក​ដទៃ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។  តែ​ខ្ញុំ​មិន​​​អាច​កែប្រែ​សំដី​បស់​ខ្លួន​បាន​ឡើយ។  ទីបំផុត​នាង​បានស្រែក​យំ​ខ្លាំងៗ​នៅ​ចំពោះ​មុខខ្ញុំ ដែល​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់ឃើញ។ សំរាប់​​ខ្ញុំ​ការ​យំ​របស់​នាង​គឺ​ជា​វិធី​មួយ​ដើម្បី​បន្ធូរ​ភាព​តាន​តឹងក្នុង​ចិត្ត។ គំនិត​លែង​លះ​ដែល​ធ្វើ​អោយ​ខ្ញុំ​ខ្វាយខ្វល់​អស់​ជា​ច្រើន​សប្តាហ៍មក​នោះ ពេល​នេះ​ត្រូវ​បាន​លើក​ឡើង​មក​យ៉ាង​ម៉ឹងម៉ាត់ និង​ច្បាស់លាស់។
យប់​នោះ​ ខ្ញុំ​ត្រលប់​ទៅ​ផ្ទះ​យប់​ជ្រៅ​បន្តិច​ដោយ​ជាប់​នាំ​អតិថិជន​ទៅ​ញ៉ាំអាហារ។ ខ្ញុំ​ឃើញ​នាង​អង្គុយ​សរសេរ​។ ខ្ញុំ​ក៏​គេង​លក់​ទៅ។ ពេល​ភ្ញាក់​ដឹង​ខ្លួន​ម្តង ខ្ញុំ​ឃើញ​នាង​នៅ​នឹង​តុដដែល។ ខ្ញុំ​ក៏​បែរ​ចេញ​រួច​គេង​លក់​ទៀត​ទៅ។ នាង​បាន​យក​លក្ខខណ្ឌ​លែង​លះ​មក​អោយ​ខ្ញុំ។ នាងមិន​ចង់​បាន​អ្វី​ពី​ខ្ញុំ​ទេ។ ប៉ុន្តែ​ខ្ញុំ​ត្រូវ​​ផ្តល់​ពេល​វេលា​ដល់​នាង​១​ខែមុន​ពេល​លែង​លះ។ ហើយ​ក្នុង​កំឡុង​ពេល​នោះ យើង​ត្រូវ​តែ​នៅក្នុង​សភាព​ជាប្តីប្រពន្ធ​តាម​ធម្មតា តាម​​ដែល​អាច​ទៅ​បាន។ ហេតុ​ផល​របស់​នាង​គឺ​សាមញ្ញ​បំផុត។ កូន​របស់​យើង​នឹង​ឈប់​វិស្សមកាល​រដូវក្តៅក្នុង​ពេល​១​ខែ​ទៀត។ ក្នុង​កំឡុង​ពេល​នេះ​ខ្ញុំ​មិន​ចង់​អោយគេឃើញ​ថា​យើង​នឹង​លែង​លះ​គ្នា​​ឡើយ។ នាង​បាន​យក​ហុច​លក្ខខណ្ឌ​ពង្រាង​នោះ​មក​អោយ​ខ្ញុំ​ ហើយ​សួរ​ខ្ញុំ​ថា តើបង​នៅ​ចាំ​បាន​ទេ​ថាតើអូន​ចូល​មក​ក្នុង​បន្ទប់​កូន​ក្រមុំ​របៀប​ណា​នៅ​ថ្ងៃ​រៀបការ​របស់​យើង?” សំនួរ​នេះ​បានធ្វើ​អោយខ្ញុំ​នឹក​ដល់​អនុស្សាវរីយ៍​ដ៏​ផ្អែម​ល្ហែម​នោះ​មួយ​រំពេច។ ខ្ញុំ​ងក់​ក្បាល​រួចឆ្លើយថា បងចាំ។ នាង​បន្ត​ថា ពេលនោះ​បង​បាន​បីអូន​នៅក្នុង​ដៃ…” ដូច្នេះ​អូន​មាន​សំណូម​ពរ​មួយ​ គឺ​ថា សូម​បងបី​អូន​នៅក្នុង​ដៃ​នៅ​ថ្ងៃ​ដែល​យើង​លែង​លះ​គ្នា។ ចាប់​ថ្ងៃ​នេះ​ទៅ​​រហូត​ចុង​ខែ​ បង​ត្រូវ​បី​អូន​ចេញ​ពី​បន្ទប់​ជា​រៀង​រាល់​ព្រឹក។ ខ្ញុំ​ក៏​យល់​ព្រម​ដោយ​ទឹកមុខ​ញញឹម។ ខ្ញុំ​ដឹង​ថា​នាង​នឹក​ដល់​ភាព​ផ្អែម​ល្ហែមរវាង​យើង​ទាំង​ពីរ​​​និងចង់​អោយអាពាហ៍​ពិពាហ៍​នេះ​បញ្ចប់​ទៅ​ដោយ​​ភាព​ស្រស់​ថ្លា​ដដែល។
ខ្ញុំនិយាយ​រឿង​នេះ​ប្រាប់ Dew។ នាង​សើច​ចំអកយ៉ាង​ខ្លាំង​និង​គិត​ថា​នេះ​ជាល​ក្ខខណ្ឌ​ដ៏​ល្ងង់​ខ្លៅមួយ។ Dew និយាយ​បែប​ប្រមាថ​ថា ទោះ​បី​ជា​នាង​ខំប្រឹង​យ៉ាង​ណា​ក៏​លទ្ធផល​គឺ​នៅ​តែ​លែង​លះ​ដដែល។ ពាក្យ​សំដឺ​របស់​នាង​ហាក់ដូច​​ជា​ធ្វើអោយ​ខ្ញុំ​មិន​ពេញ​ចិត្ត​​និង​មាន​អារម្មណ៍​មិនសូវ​ល្អសោះ​។ ​
ភរិយា​ខ្ញុំ​និង​ខ្ញុំ​មិន​ដែល​បាន​ប៉ះ​ពាល់​ខ្លួន​ប្រាណ​គ្នា​ទាល់​តែ​សោះ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ប្រធានបទ​លែង​លះ​ត្រូវ​បាន​លើក​ឡើង។ មិន​តែ​ប៉ុណ្ណោះ​ធ្វើ​ដូចអ្នក​ដទៃ​ដាក់​គ្នា​ទៅ​វិញ​ទៅមក។ ដូច្នេះ​ហើយ នៅ​ថ្ងៃ​ទីមួយ​ដែល​ខ្ញុំ​បី​នាង​​ យើង​ទាំង​២​ហាក់​ដូច​ជា​ឆ្គង​យ៉ាង​ម៉េច​មិន​ដឹង​ទេ។ កូន​ប្រុស​របស់​ពួក​យើង​គេ​ទះ​ដៃ​ពីក្រោយ​ រួច​ស្រែក​ថា ប៉ា​បីម៉ាក់!!។ ពាក្យ​នេះធ្វើអោយ​ខ្ញុំ​ហាក់​មាន​អារម្មណ៍​ក្តុកក្តួល។ ចាប់​តាំង​ពី​បន្ទប់​គេង​មក​ដល់​បន្ទប់​ទទួល​ភ្ញៀវ រួច​រហូត​ដល់​មាត់ទ្វារ ខ្ញុំ​បីនាង​នៅក្នុង​ដៃ​ដើរ​ប្រហែល​ជា​១០ម៉ែត្រ។ នាង​បិទ​ភ្នែក​រួច​និយាយ​តិចៗ​ថា យើងចាប់​ផ្តើម​ពី​ថ្ងៃនេះ…​ហើយ​កុំនិយាយអោយ​កូន​ដឹង។ ខ្ញុំ​ងក់ក្បាល ដោយ​អារម្មណ៍​រកាំ​ចិត្ត​តិច​តួច។ ខ្ញុំ​ដាក់​នាង​ចុះ​នៅមាត់​ទ្វារ​ រួច​នាង​ក៏​ចេញ​ទៅ​ចាំ​រថយន្តក្រុង។ ខ្ញុំ​ក៏​បើក​ឡាន​មក​ការិយា​ល័យ​ដែរ។
ថ្ងៃ​បន្ទាប់​ យើង​ទាំង​២​ដូច​ជា​សម្តែង​បាន​ងាយ​ជា​មុន។ នាង​បាន​ផ្អែក​មក​ទ្រូង​ខ្ញុំ​។ យើង​នៅជិត​គ្នា​បំផុតដែល​ធ្វើ​អោយ​ខ្ញុំ​អាច​ស្រង់​ក្លិន​ទឹក​អប់ដែល​ជាប់​នឹង​អាវ​របស់​នាង​​។ ខ្ញុំ​ហាក់​ដឹង​ថា​ខ្ញុំ​ខាន​សំលឹង​ភរិយា​របស់​ខ្ញុំ​ដោយ​យក​ចិត្ត​ទុក​​ដាក់​បែប​នេះ​យូរ​មក​ហើយ។​ ខ្ញុំ​ឃើញ​នាង​មិន​មែន​ក្មេង​ដូច​មុន​ទៀត​ទេ។ នៅលើ​មុខ​របស់​នាង​ចាប់​ផ្តើម​មាន​ស្នាម​ជ្រួញ។
នៅ​ថ្ងៃ​ទី​៣​នាង​បាន​ខ្សឹបដាក់​ត្រចៀក​ខ្ញុំ​ថា សួន​ខាង​មុខ​គេ​កំពុង​ជួសជុល។ សូម​បង​ប្រយ័ត្នផង​នៅ​ពេល​បី​អូន​កាត់​ទីនោះ។
នៅ​ថ្ងៃ​ទី​៤​​ នៅពេល​ដែល​ខ្ញុំ​លើក​នាង​បី ខ្ញុំ​ហាក់​គិត​ថា​យើង​នៅ​តែ​ជា​ប្តី​ប្រពន្ធ​ដែល​ល្អូក​ល្អើន​នឹង​គ្នា​ដដែល​។ ខ្ញុំ​បី​នាង​ផ្អឹប​នឹង​ទ្រូង​។ ខ្ញុំ​ចាប់​ផ្តើម​ស្រពិចស្រពិល​អំពី​រឿង​ Dew
នៅ​ថ្ងៃ​ទី​៥ និង​ទី​៦ នាង​នៅតែរំលឹកខ្ញុំ​ពី​រឿង​មួយ​ចំនួន​ដូចជា អាវ​របស់​ខ្ញុំ​ដែល​នាង​អ៊ុត​ហើយ​នាង​ដាក់​នៅ​កន្លែង​ណាប្រាប់​ខ្ញុំ​អោយ​ប្រយ័ត្ន​នៅពេល​ចំងិន​អាហារ​ជាដើម។ ខ្ញុំ​ងក់​ក្បាល។ ​​ភាព​ស្និទ្ធ​ស្នាល​រវាង​យើង​ទាំង​២​កាន់​តែ​​​រីក​ចំរើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​គ្នា​​។
ខ្ញុំ​មិន​បាន​ប្រាប់​ Dew ពី​រឿង​នេះ​ទេ។
ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ជា​បី​នាង​ធូរ​ជាង​មុន។ នេះ​ប្រហែល​មក​ពី​​ខ្ញុំ​បី​នាង​រាល់​ថ្ងៃ​ទើប​បាន​ជា​ខ្ញុំខ្លាំង​ជាមុន។ ខ្ញុំ​និយាយ​ប្រាប់​នាង​ថា បងឥឡូវ​បី​អូន​មិន​យ៉ាប់​ដូច​មុន​សោះ!។ នាង​រើស​សំលៀកបំពាក់សំរាប់​ស្លៀក​ថ្ងៃនេះ។ ខ្ញុំ​ឈរ​ចាំ​បី​នាង។ នាង​សាក​លខោអាវ​​ ពី​រ បី​ហើយ​តែ​ដូច​ជា​រក​មិន​បាន​ខោ​អាវ​ដែល​ត្រូវ​ចិត្ត​សោះ។ រួច​ហើយ​នាង​​ដក​ដង្ហើម​ធំ ហើយ​និយាយ​ថា សំលៀក​បំពាក់​របស់ខ្ញុំ​ដូច​ជា​ធាត់ៗ​ជាង​មុន…”។ ខ្ញុំ​ញញឹម។ តែ​រំពេច​នោះ​ខ្ញុំ​ក៏​ដឹង​ខ្លួន​ថា ដោយ​សារ​តែ​នាង​ស្គម​ជាង​មុន​ទេ ទើប​ខ្ញុំ​អាច​បី​នាង​ងាយ​ជាង​មុន មិន​មែន​ដោយ​សារ​ខ្ញុំ​ធ្លាប់​បី​ញឹកញាប់​ ឬ​ខ្ញុំ​ខ្លាំង​ជាង​មុននោះ​ទេ។ ​
ខ្ញុំ​ដឹង​ថា​បេះ​ដូង​របស់​នាង​បង្កប់​នូវ​ភាព​ជូរចត់​​ដែល​មិន​អាច​រក​អ្វី​ប្រៀប​បាន។ ខ្ញុំ​ក្រៀម​ក្រំ​ចិត្ត​និង​មាន​អារម្មណ៍​ឈឺ​ចាប់​សារ​ជា​ថ្មី។ ខ្ញុំ​ក៏​យក​ដៃ​អង្អែល​ក្បាល​នាង។ ពេល​នោះ​កូន​ប្រុស​របស់​យើង​មក​ទាន់​រួច​គេ​និយាយ​ថា “​ប៉ា​ដល់​ពេល​បី​ម៉ាក់​ហើយ!។ សំរាប់​គេ​ការ​ឃើញ​ខ្ញុំ​បី​ម្តាយ​របស់​គេ​ ហាក់​ដូច​ជា​សកម្មភាពមួយ​ដែលសំខាន់​សំរាប់​ជីវិត​គេ។ ភរិយា​ខ្ញុំ​ក៏បក់​ដៃ​ហៅ​កូន​មក​ជិត​ហើយ​អោប​គេ​យ៉ាង​ណែន​។ ខ្ញុំ​ងាក​មុខ​ចេញ​​ ខ្ញុំ​ខ្លាច​ថា​ខ្ញុំ​ត្រូវ​ប្តូរ​ចិត្ត​នៅ​នាទី​ចុង​ក្រោយ។  ខ្ញុំ​ក៏​បី​នាង​តាម​ទំលាប់​ចេញ​ពី​បន្ទប់​គេង កាត់​តាម​បន្ទប់​ទទួល​ភ្ញៀវ​ទៅ​កាន់​ទ្វារ​ចេញ។ ដៃ​របស់​នាង​អោប​ក​របស់​ខ្ញុំ​។​ ខ្ញុំ​បី​នាង​យ៉ាង​ណែន​​ដូច​ជា​យើង​កំពុង​តែ​ត្រលប់​ទៅ​កាល​ពី​ពេល​រៀបការ​ថ្មីៗ។ តែ​ទំងន់​របស់​នាង​ដែល​កាន់តែ​ស្រាល​ទៅ​ស្រាល​ទៅ​នេះ ធ្វើ​អោយ​ខ្ញុំ​បារម្ភ​យ៉ាង​ខ្លាំង។​
នៅ​ថ្ងៃ​ចុង​ក្រោយ​ នៅពេល​ដែល​ខ្ញុំ​បី​នាង​ ខ្ញុំ​ហាក់​ដូច​ជា​ពិបាក​ឈាន​ជើង​ទៅ​មុខ​ខ្លាំង​ណាស់។ កុន​របស់​យើង​ទៅ​សាលា​បាត់​ហើយ។ នាង​និយាយ​ថា តាម​ពិត​ទៅ​អូន​ចង់​អោយ​បង​បី​អូន​បែប​នេះ​រហូត​ដល់​ចាស់​ខ្លាំង​ណាស់​។ ខ្ញុំ​បី​នាង​​យ៉ាង​ណែន​រួច​និយាយថា ទាំង​អូន​និង​បង​ យើង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ថា​យើង​បាត់​បង​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ទេ…”
រួចខ្ញុំ​ក៏​ឡើង​ឡាន​និង​​បើក​ចេញ​ទៅ​យ៉ាង​រហ័ស​ដោយ​មិន​បាន​ចាក់​សោរ​ទ្វារ​ផង។ ខ្ញុំ​ខ្លាច​ការ​បង្អង់​យូរ​ធ្វើ​អោយ​ខ្ញុំ​ប្តូរ​ចិត្ត។ ខ្ញុំ​ឡើង​ទៅ​ជាន់លើ។ Dew បើក​ទ្វារ។ ខ្ញុំ​និយាយ​ទៅ​នាង​ថា​ សុះទោស Dew ខ្ញុំ​មិន​អាច​លែង​លះ​ភរិយា​ខ្ញុំ​បាន​ឡើយ”​។ ខ្ញុំ​មិនមែន​និយាយ​លេង​ទេ។ Dew សំលឹង​មុខ​ខ្ញុំដោយ​ងឿង​ឆ្ងល់​។ នាង​ស្ទាប​ក្បាល​ខ្ញុំ​ហើយ​និយាយ​ថា បងឯង​ដូច​ជា​មិន​គ្រុន​ទេ…”។ ខ្ញុំ​ដក​ដៃ​នាង​ចេញ​ពី​ថ្ងាស​ខ្ញុំ ហើយ​និយាយ​ម្តងទៀត​ថា សុះទោស Dew ខ្ញុំ​មិន​អាច​លែង​លះ​ភរិយា​ខ្ញុំ​បាន​ឡើយ។ ខ្ញុំ​ពិត​ជា​មិន​ដឹង​និយាយ​ថា​ម៉េច​ក្រៅ​ពី​សុំទោស​ឡើយ។ ជីវិត​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​មាន​ភាព​ធុញទ្រាន់​គឺ​មក​ពី​ខ្ញុំ​និង​ភរិយា​ខ្ញុំ​មិន​បាន​ផ្តល់​តំលៃ​ដល់​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ មិនមែន​មក​ពី​យើង​មិន​ស្រលាញ់​គ្នា​ឡើយ​។ ឥឡូវ​ខ្ញុំ​បាន​ដឹងថា ចាប់​តាំង​ពីពេល​ដែល​ខ្ញុំ​​បី​នាង​ចូ​ល​ក្នុង​ផ្ទះ​ជាលើក​ដំបូង នាង​បាន​បង្កើត​កូន​សំរាប់​ខ្ញុំ​….ខ្ញុំ​ត្រូវ​តែ​បី​នាង​រហូត​ដល់​ពួក​យើង​ចាស់​រៀងៗ​ខ្លួន។​ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​សុំទោស​អូន Dew”​
Dew ហាក់​ដូច​ជា​ភ្ញាក់​ខ្លួន​។ នាង​ទះ​កំភ្លៀង​ខ្ញុំ​មួយ​ដៃ​យ៉ាង​ខ្លាំង​រួច​ទាញ​ទ្វារ​បិទ​និង​ស្រែក​យំ​យ៉ាង​ខ្លាំង។ ខ្ញុំ​ក៏​ចុះ​មក​ក្រោម​ហើយ​បើក​ឡាន​ទៅ​ការិយា​ល័យទៅ។
នៅពេល​ដែល​ខ្ញុំ​បើក​ឡាន​កាត់​ហាង​ផ្កា ខ្ញុំ​ក៏​ឈប់​ទិញ​ផ្កា​មួយ​បាច់​ដែល​ភរិយា​ខ្ញុំ​ចូល​ចិត្ត​​សំរាប់​ជូន​នាង។ អ្នកលក់​បាន​អោយ​ខ្ញុំ​សរសេរ​ពាក្យ​ជូន​ពរ​នៅលើ​កាត​ដែល​ដាក់​ក្នុង​បាច់់​ផ្កា​នោះ។ ខ្ញុំ​ញញឹម​រួច​ក៏​សរសេរ បង​នឹង​បី​អូនជារៀង​រាល់​ព្រឹក​រហូត​ដល់​ពួកយើង​ចាស់​កោង​ខ្នង។​
លែងលះ  លែងលះ Reviewed by KhmerForever on October 06, 2017 Rating: 5

1 comment:

Powered by Blogger.